
ពោតបារាំង ឬហៅថាអូក្រា (Okra ឬ Ladies’ Finger)
1. លក្ខណៈទូទៅរបស់ពោតបារាំង៖
2. របៀបដាំដុះពោធបារាំង៖
2.1. ការជ្រើសរើសគ្រាប់ពូជ៖ ជ្រើសរើសគ្រាប់ពូជដែលធំ ថ្លោស និងមានសុខភាពល្អ មុនដាំមួយថ្ងៃ ត្រូវយកគ្រាប់ពូជពោតបារាំងទៅត្រាំទឹកទុកមួយយប់។
2.2. ការរៀបចំដី៖ ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋល្អ រើសសម្អាតស្មៅចេញឲ្យអស់ មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ២០ស.ម ទំហំ២៥ស.ម គម្លាតពីរណ្ដៅ១ទៅរណ្ដៅ១ចាប់ពី០,៥ម៉ែត្រទៅ១ម៉ែត្រ៕ យកជីកំប៉ុស្តដែលមានប្រភេទដីបាតបឹងលាមក គោដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី ៕
2.3. ការដាំ៖ គេអាចដាំពោតបារាំងដោយកូនក៏បាន ដោយគ្រាប់ក៏បាន៕ ការដាំដំណាំនេះដោយគ្រាប់ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅ ដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោត បារាំង១គ្រាប់(ត្រូវជ្រើសរើសយក គ្រាប់ណាដែលណែនល្អ)៕ ការដាំគ្រាប់វាធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។
2.4. ការថែទាំពោតបារាំង៖ ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ច្រើនទេ តែបើធ្វើកាន់តែល្អផងដែរ។ ដើម្បីថែទាំដំណាំពោតបារាំងទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវា ដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោលាមកគោ ស្រោចក្បែរដើមពោតបារាំងជាការស្រេច។ ការស្រោចទឹកញឹកញាប់បន្តិចនៅរដូវប្រាំងជាការល្អ ព្រោះទឹកមានសំខាន់ ហើយថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នា យកទៅស្រោចក្បែរ ចន្លោះដើមវារឹតតែល្អ៕
2.5.ការស្រោចស្រព៖ នៅពេលកូនពោតបារាំងធំលូតលាស់នៅក្នុងខែវស្សា អាចស្រោចទឹក១សប្តាហ៍ម្តងបានហើយ។ នៅរដូវប្រាំងត្រូវស្រោចទឹកញឹកញាប់ មួយថ្ងៃ២ដង ស្រោចពេលព្រឹកម្តងល្ងាចម្តង៕ ត្រូវការប្រើជីកំប៉ុស្តធម្មជាតិ ដូចជាទឹកនោមគោ និងលាមកគោ លាយច្របល់ចូលគ្នា ហើយយកទៅស្រោចក្បែរ ដើមពោតបារាំង៕
2.6.ការគ្រប់គ្រងដំណាំពោតបារាំង៖ ពោតបារាំង ជាដំណាំប្រភេទថ្មី មិនសូវមានសត្វចង្រៃបំផ្លាញទេ៕ អ្នកដាំដុះគួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់៕ ក្នុងដំណាក់កាលលូលាស់ យើងត្រូវមើលថែទាំជាពិសេសព្រោះវាងាយទទួលរងការយាយីពីសត្វល្អិតមួយចំនួនដូចជាស្រមោច ដង្កូវជាដើម។ ការកំចាត់សត្វល្អិត គឺគ្រាន់តែយកស្លឹកស្តៅដាក់ត្រាំជាមួយស្លឹកគ្រៃ និងផ្លែម្ទេសលាយជាមួយល្បាយទឹកទុកផ្អាប់ចោល១យប់ ហើយបាញ់ស្រោចទៅលើដំណាំជាការស្រេច។
2.7.ការប្រមូលផលពោតបារាំង៖ គេអាចប្រមូលផលពោតបារាំងនៅអាយុពី ៥០ទៅ៦០ថ្ងៃ ក្រោយពេលដាំ និងបន្តប្រមូលផលជាបន្តបន្ទាប់រហូតអស់ផ្លែ៕ ផ្លែពោតបារាំងងាយទៅជាចាស់ ដូច្នេះការប្រមូលផលត្រូវធ្វើឱ្យបានទៀតទាត់ ជារៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ៕

3.អត្ថប្រយោជន៍ផ្លែពោតបារាំង៖ ពោតបារាំងមានប្រយោជន៍ សម្រាប់អ្នកមានបញ្ហាទល់លាមក ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ?
4.ពោតបារាំងមានផ្ទុកសារធាតុសំខាន់៖ ពោតបារាំងមានផ្ទុកសារធាតុសំខាន់ដូចជា កាល់ស្យូម(អត្ថប្រយោជន៍ដល់ឆ្អឹង និងធ្មេញ) ជាតិដែក (អត្ថប្រយោជន៍ដល់ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម) ប៉ូតាស្យូម (អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសីជួយការពារDNA និងពង្រឹងប្រព័ន្ធការពារ) (វីតាមីនC ជួយប្រឆាំនឹងអុកស៊ីកម្ម) និងសារធាតុសរសៃ (បង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ)
5.ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖
- កាឡូរី(៣៣កាឡូរី)
- កាបូអ៊ីដ្រាត(៧ក្រាម)
- ប្រូតេអ៊ីន(២ក្រាម)
- ជាតិខ្លាញ់ (០ក្រាម)
- ជាតិសរសៃ (៣ក្រាម)
- ម៉ាញ៉េស្យូម៖ (១៤%) នៃតម្រូវការប្រចាំថ្ងៃ
- អាស៊ីតហ្វូលិក (Folate)៖ (១៥% )នៃតម្រូវការប្រចាំថ្ងៃ
- វីតាមីន A៖ (១៤% )នៃតម្រូវការប្រចាំថ្ងៃ
- វីតាមីន C៖ (២៦%) នៃតម្រូវការប្រចាំថ្ងៃ
6.ការជួយប្រព័ន្ធរំលាយអាហារ៖
ការទល់លាមកគឺបណ្ដាលមកពីដំណើរការប្រព័ន្ធរំលាយអាហារមានសភាពរអាក់រអួល បូករួមទាំងរបបអាហារដែលបានទទួលទានមិនអំណោយផលចំពោះសុខភាព។ ពោតបារាំងជាបន្លែមានផ្ទុកសារធាតុកាកសរសៃជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ពិសេសជួយចិញ្ចឹមពពួកបាតេរីល្អៗក្នុងក្រពះពោះវៀន។ ជាតិទឹក និងកាកសរសៃ មាននៅក្នុងពោតបារាំង ជួយរក្សាលំនឹងកំហាប់កាកសំណស់ កាត់បន្ថយជាតិហ្កាសក្នុងពោះវៀន និងបញ្ហាហើមពោះ។ ការទៅចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀនគឺជាវិធីល្អមួយ ជួយជំរុញឲ្យរាងកាយផលិតបាននូវវិតាមីនB ចម្រុះដែលអាចជួយបំពេញភាពខ្វះខាតសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ គុណសម្បត្ដិមួយនេះ មិនចាញ់ពពួកផ្លែឈើ និង បន្លែផ្សេងនោះទេ។
ពោតបារាំងក៏មានសមត្ថភាពពិសេសមួយទៀត
ជួយកាត់បន្ថយការវិត្ដនៃរលាកព្រះស្រួចស្រាស់ ជំងឺរលាកពោះវៀនរ៉ាំរៃ(IBS)។
មិនត្រឹមតែប៉ុណ្ណោះសារធាតុសរសៃក៏អាចជួយកាត់បន្ថយដំណើរការស្រូបយកជាតិស្ករក្នុងរាងកាយ ដែលជាផលល្អជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមនិងហានិភ័យបញ្ហាបេះដូង។
7.ផលប៉ះពាល់ក្នុងការបរិភោពពោតបារាំងហួសកម្រិត៖
ការញ៉ាំពោតបារាំងច្រើន
ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពយើងវិញ ដែរព្រោះពោតបារាំងមានផ្ទុកសាធាតុ Fructans
ដែលសារធាតុនេះអាចបណ្ដាលឲ្យរាក
រមួលពោះ ហើមពោះ។ នៅមានសារធាតុមួយចំនួនទៀត ដូចជា Oxalate ដែលអាចបណ្ដាលឲ្យកើតជំងឹគ្រួសក្នុងតម្រងនោម
សារធាតុ solanine បង្កផលប៉ះពាល់នៃការរលាក។
ការញ៉ាំពោតបារាំងឆៅ ហើយក្នុងបរិមាណច្រើន អាចបណ្ដាលឲ្យប៉ះពាល់សុខភាពយើង។ ដូច្នេះចូលញ៉ាំក្នុងបរិមាណល្មម អាចតិចជាង៤ដងក្នុងមួយសប្ដាហ៍ មួយដងមិនលើសពី ២៥០ក្រាមទើបទទួលបានសុខភាពល្អ។
8.ឯកសារយោង៖
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Ministry of Agriculture Forestry and Fisheries: https://www.maff.gov.kh/newsdetail/FUGsfXZ5RSHell
- Helloគ្រូពេទ្យ :https://hellokrupet.com
អត្ថបទគួរដឹងបន្ថែម
0 Comments: